AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានអះអាងថា សន្តិភាពគឺជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាដល់ការទាក់ទាញវិនិយោគទុនពីក្រៅប្រទេស ហើយបើ​គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ។ នេះជាការលើកឡើងរបស់​ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់អគារស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលទើបតែនឹងសាងសង់រួច កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០  នេះបើយោងតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

 

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានកោតសរសើរចំពោះក្រុមហ៊ុនតូយ៉ូតា ដែលបានពង្រីក​សាខាជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៩៥ ហើយកាន់តែពិសេសនោះ គឺនៅឆ្នាំ២០២០ ក្រុមហ៊ុន​បានសម្ពោធអគារស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជននៅក្នុង​ប្រទេស​កម្ពុជា។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការវិវឌ្ឍន៍ និងរីកចម្រើនរបស់ក្រុមហ៊ុនតូយ៉ូតា ក៏ដូចជា​វិស័យឯកជនទូទៅ បានឆ្លុះបញ្ជាំងជាក់ស្ដែងពីការអនុវត្តគោលនយោបាយត្រឹម​ត្រូវរបស់​រាជ​រដ្ឋាភិបាល ហើយតាមរយៈនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវសមិទ្ធផលធំៗយ៉ាងច្រើន ដែលផ្ដល់សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ជាក់ស្តែងនាពេលបច្ចុប្បន្ន ដោយសារសន្តិភាព ទើបប្រជាជនកម្ពុជាមានជីវភាពកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយផ្ដើម​ចេញពី​នោះ តម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជាក៏មានការកើនឡើង រាប់ទាំងតម្រូវការប្រើប្រាស់​យានយន្តជាមធ្យោបាយធ្វើដំណើរ។ ដូច្នេះសូមអរគុណសន្តិភាព និងការអភិវឌ្ឍ។

 

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និង​វាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកយ៉ាង សំខាន់ក្នុង​ដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យរីក​ចម្រើនរហូតមកដល់សព្វថ្ងៃ តាមរយៈការផ្តល់ហិរញ្ញ​ប្បទាន​សហប្រតិបត្តិការ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិ​យោគ​របស់វិស័យឯកជនជប៉ុននៅកម្ពុជា។ ទន្ទឹមនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ កម្ពុជា-ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដោយបានបង្កើតយន្តការកិច្ចប្រជុំគណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ កម្ពុជា-ជប៉ុនកំពុងស្ថិតក្នុងដំណើរការនៃការចរចា​លើកិច្ចព្រម​ព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធ​លើប្រាក់​ចំណូល។ លើសពីនេះទៀត ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយអង្គការ JETRO ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុង​ការ​ជំរុញ​​ពាណិជ្ជកម្មរវាងភាគី ទាំងពីរកម្ពុជា-ជប៉ុន សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនក្នុងវិស័យពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និង លើកកម្ពស់បរិយាកាស​វិនិយោគ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុនឱ្យធ្វើអាជីវកម្មនៅកម្ពុជា។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន នៅឆ្នាំ២០១៨ មានទឹក​ប្រាក់​ប្រមាណជាង១,៦ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំចេញទៅ​ជប៉ុននូវ​ទំនិញសក្ដានុពលមួយចំនួន មានដូចជាសម្លៀកបំពាក់ស្ត្រី ស្បែកជើង ខ្សែអ៊ីស៊ូឡង់ និង​បរិក្ខារអគ្គិសនី ក្នុងទំហំទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាម៉េរិក។ ចំណែកជប៉ុនបាន​នាំចូលមកកម្ពុជានូវទំនិញសក្តានុពល ដូចជា យានយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សំបកកង់ និងផលិតផលប៉្លាស្ទិក ជាដើម មានទំហំទឹកប្រាក់ប្រមាណ៥០៩ លានដុល្លារ​អាម៉េរិក។ ក្នុងក្របខ័ណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ២,៥ ពាន់លានដុល្លារអាម៉េរិក ផ្ដោត​​សំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារ​បរិក្ខារបច្ចេកទេសកសិឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប៕

Back to home page