លោក​ខិន​ណិ​ត ស្តារ ដែល​ធ្លាប់​ការពារ​អតីត​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន ក្នុង​សវនាការ​ចោទប្រកាន់​ទម្លាក់​តំណែង​កាល​ពី​ទសវត្សរ៍​១៩៩០ និង​មេធាវី​អោយ​ពួក​​តារា​ល្បីៗ​របស់​អាមេរិក លោក អា​ឡាន់ ឌឺ​សូ​វីត​ហ្ស៍ កាលពី​ថ្ងៃ​សុក្រ​ទី​១៧​មករា បានប្រកាស​ចូលរួម​ជាមួយ​ក្រុម​ការពារ​ក្តី​របស់​លោក​ត្រាំ ដើម្បី​តតាំង​នឹង​ការ​​ចោទប្រកាន់​របស់​ក្រុម​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ ថា​លោក​រំលោភ​អំណាច​។​

​សារព័ត៌មាន​អាមេរិក​បាន​និយាយថា លោក​ស្តារ រដ្ឋអាជ្ញា​ពិសេស​នៅក្នុង​រឿងអាស្រូវ​របស់គ្លីន​តុន​នៅ​ឆ្នាំ​១៩៩៨ បាន​ចូលរួម​ក្រុម​ការពារ​ក្តី​របស់​លោក​ត្រាំ​។​ លោក​​ជា​វីរបុរស​ម្នាក់​ចំពោះ​ក្រុម​ស្តាំ ទោះ​ជា​លោកគ្លី​ន​តុន​ត្រូវ​ព្រឹទ្ធសភា​លើកលែងការ​ចោទប្រកាន់​។​

​លោក​ឌឺ​សូវី​ត​ហ្ស៍ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​នឹង​បង្ហាញ​សេចក្តី​ថ្លែង​ការ​ផ្ទាល់មាត់​នៅ​សវនាការ​ព្រឹទ្ធសភា ដើម្បី​បង្ហាញ​ការជំទាស់​តាម​រដ្ឋធម្មនុញ្ញ​ចំ​​ពោះ​ការ​ចោទ​ទោស​និង​បណ្តេញ​ប្រធានាធិបតី​។​

​អតិថិជន​ពីមុនៗ​របស់​លោក​រួម​មាន​ហិរញ្ញិ​ក ជេ​ហ្វ​ហ្វ្រេ អ៊ី​ប​ស្ទេន ដែល​បាន​សម្លាប់​ខ្លួនឯង​នៅ​បន្ទប់​គុក​ក្នុង​ក្រុង​ញូវយ៉ក និង​ពួក​អ្នក​មាន​ដទៃទៀត ពាក់ព័ន្ធ​​នឹង​ការចាប់រំលោភ អ្នកដឹកនាំ​ខ្សែភាពយន្ត​លោក រ៉ូម៉ាន់ ផូ​លែន​ស្គី និង​អតីត​ជើងឯក​ប្រដាល់ ម៉ៃ ថៃ​សាន់​។​

​ករណី​ល្បីល្បាញ​បំផុត​របស់​លោក​ឌឺ​សូវី​ត​ហ្ស៍ គឺ​ការការពារ​ក្តី​ដោយ​ជោគជ័យ​សំរាប់ អតីត​កីឡាករ​បាល់ឱប​ (​បាល់ទាត់​អាមេរិក​) អូ ជេ ស៊ីម​សុន ចំពោះ​ការ​ចោទ​​ប្រកាន់​សម្លាប់​ប្រពន្ធ​របស់​គាត់​និង​សា​ហាយ​របស់​នាង​។​

​សូមបញ្ជាក់​ថា លោក​ត្រាំ ត្រូវបាន​សភា​ចោទប្រកាន់ថា​រំលោភ​អំណាច​ប្រធានាធិបតី ដោយសារ​តែ​បាន​អញ្ជើញ​និង​បង្ខំ​បរទេស ​(​អ៊ុ​យក្រែន​) ​អោយ​ស៊ើបអង្កេត​​គូប្រជែង​នយោបាយ​មក​ពី​បក្ស​ប្រជាធិបតេយ្យ​លោកចូ បៃ​ដិន​។​ លោក​ក៏​ត្រូវបាន​ចោទប្រកាន់ថា រារាំង​ការងារ​សភា ដោយសារ​តែ​ប្រាប់​មនុស្ស​ក្រោមបង្គាប់​កុំ​​បញ្ចេញ​ឯកសារ​ឬ​ទៅ​ឆ្លើយ​ចំពោះ​ពួក​សភា​ប្រឆាំង​។​

​ទោះជា​យ៉ាងណា​តែ​ពេល​នេះ ក្រុម​សេត​វិមាន​ដើរ​ចូល​ក្នុង​សវនាការ​ព្រឹទ្ធសភា​ជាមួយនឹង​ប្រៀបដោយ​គណបក្ស​សាធារណរដ្ឋ​របស់​ត្រាំ​មាន​៥៣​កៅអី​ក្នុង​ព្រឹទ្ធ​ស​​ភា​ដែល​មាន​១០០​កៅអី​។​

​ក្នុងពេល​ជាមួយគ្នា មេដឹកនាំ​សម្លេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា លោក មី​ត ម៉ាក់​ខុន​ណែ​ល បាន​បន្ទរ​ការអះអាង​របស់​លោក​ត្រាំ​ដែលថា ការចោទប្រកាន់​នេះ ជា​​រឿង​នយោបាយ​៕

Back to home page